Thursday, July 4, 2013

តុលាការ​កោះហៅ​លោក សួង សុភ័ណ្ឌ ទាក់ទង​រឿង​​​​​ប្ដឹង​លោក ហ៊ុន សែន

តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​បេក្ខភាព​តំណាងរាស្រ្ត​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ ឲ្យ​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​១ ខែ​កក្កដា ជុំវិញ​ពាក្យ​បណ្ដឹង​របស់​លោក​ដែល​បាន​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ដែល​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​ជនអន្តោប្រវេសន៍​វៀតណាម មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។
លោក សួង សុភ័ណ្ឌ ដែល​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ភស្តុតាង​សំខាន់​២ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​បណ្ដឹង​ដែល​បាន​ប្ដឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ភស្តុតាង​ទាំង​ពីរ​នោះ រួម​មាន​ខ្សែ​អាត់​ជា​សំឡេង​សារភាព​ផ្ទាល់​របស់​លោក ហ៊ុន សែន ក្នុង​ទសវត្ស​៩០ ដែល​បាន​សារភាព​ថា លោក​ជា​អាយ៉ង​របស់​វៀតណាម ក្រោយ​ឆ្នាំ​១៩៧៩ ហើយ​លោក​គ្មាន​សិទ្ធិ​អំណាច​រារាំង​មិន​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​ក្នុង​ទឹកដី​ខ្មែរ​បាន​ទេ។ ភស្តុតាង​មួយ​ទៀត លោក សួង សុភ័ណ្ឌ ស្នើ​សុំ​ឲ្យ​តំណាង​អយ្យការ​ចេញ​ដីកា​នាំ​ខ្លួន​ជនជាតិ​វៀតណាម ១០​រូប មក​ពី​សង្កាត់​ទន្លេ​បាសាក់ ៥​រូប និង​សង្កាត់​ជ្រោយចង្វារ ៥​រូប ដើម្បី​ជា​ភស្តុតាង​រស់​ក្នុង​សវនាការ។
លោក សួង សុភ័ណ្ឌ៖ «នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ជា​នាយករដ្ឋមន្ត្រី​ទៀត​ទេ គឺ​ជា​បេក្ខភាព​តំណាងរាស្ត្រ​អស់​សិទ្ធិ​ជា​នាយករដ្ឋមន្ត្រី​ហើយ ដូច្នេះ​ត្រូវ​តែ​មក​ជួប​ជជែក​តវ៉ា​ជាមួយ​ខ្ញុំ​នៅ​ក្នុង​តុលាការ។ ខ្ញុំ​ជឿ​ថា លោកស្រី ស៊ឺ វណ្ណនី ប្រហែល​ជា​ត្រូវ​បាន​ខ្លាច​នូវ​អំណាច​របស់​រដ្ឋាភិបាល ខ្លាច​អំណាច​របស់​នាយករដ្ឋមន្ត្រី​ហើយ។ ខ្ញុំ​អាច​សន្និដ្ឋាន​ថា ការ​មក​បំភ្លឺ​នេះ​ប្រហែល​ជា​មិន​ចាត់ការ​ដូច​លើក​មុន តែ​ខ្ញុំ​ជឿ​ជាក់​ថា តុលាការ​និង​លោក ហ៊ុន សែន ដែល​ចិត្ត​សឿង​ក្រឡុក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កន្លង​មក​ច្រើន​នោះ ហើយ​លោក​ត្រូវ​តែ​ចិត្ត​សឿង​មក​ប្រឈម ហើយ​កុំ​ធ្វើ​ដូច​បណ្ដឹង​មុនៗ​ទៀត»
ជា​លើក​ដំបូង​ហើយ​ដែល​តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​លោក សួង សុភ័ណ្ឌ ឲ្យ​ចូល​បំភ្លឺ​ក្នុង​បណ្ដឹង​របស់​លោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន ថា​ជា​អ្នក​ផ្ដើម​គំនិត​រួមដៃ​ជាមួយ​បក្ខពួក​របស់​ខ្លួន បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា ដោយ​ខុស​ច្បាប់ ហើយ​មាន​សិទ្ធិ​កាន់​អត្តសញ្ញាណប័ណ្ណ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ថែម​ទៀត។
បន្ទាប់​ពី​បណ្ដឹង​លើក​ទី​១​របស់​លោក​ត្រូវ​បាន​តុលាការ​តម្កល់​ទុក​ឥត​ចាត់ការ​ពាក់ព័ន្ធ​លោក ហ៊ុន សែន ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ជាង ៣៥០​នាក់ នៅ​ថ្ងៃ​ទី​៣ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ដោយ​លោកស្រី​មិន​លើក​ទូរស័ព្ទ។
យ៉ាង​ណា លោក សួង សុភ័ណ្ឌ សង្ឃឹម​ថា បណ្ដឹង​របស់​លោក​លើក​នេះ អាច​នឹង​ដំណើរ​ការ​ទៅ​មុខ​រហូត​ឈាន​ដល់​ការ​បើក​សវនាការ ហើយ​តុលាការ​នឹង​កោះ​ហៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បំភ្លឺ​ដូច​គ្នា​ក្នុង​នាម​ជា​ចុង​ចម្លើយ​លើ​បណ្ដឹង​នេះ​ដែរ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​នីតិវិធី​របស់​តុលាការ​ដែល​ផ្ដើម​សាកសួរ​លោក សួង សុភ័ណ្ឌ ដែល​ហ៊ាន​ប្ដឹង​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ។
លោក​ក៏​មិន​ប្រាកដ​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តប​យ៉ាង​ណា​នោះ​ទេ​ក្នុង​រឿង​នេះ ព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ៖ «អា​នេះ​ជា​នីតិវិធី ហើយ​នឹង​យល់​របៀប​ម៉េច​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ ខ្ញុំ​អត់​មាន​ដែន​សមត្ថកិច្ច ឬ​សិទ្ធិ​នៅ​ក្នុង​ការ​លូកលាន់​នៅ​ក្នុង​រឿង​នោះ​ទេ។ តើ​ធាតុ​ប៉ុន្មាន​ដែល​អាច​គួបផ្សំ​ក្នុង​កិច្ច​ពង្រឹង សុពលភាព​ក្នុង​ការ​ពាក្យ​បណ្ដឹង​អា​ហ្នឹង​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ»
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ​របស់ ហ្គូហ្គល (Google) បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា មាន​ចំនួន ៦០​ម៉ឺន​នាក់។ ក៏​ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

សង្គម​ស៊ីវិល​រកវិធី​ទប់ស្កាត់​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​អំឡុង​ពេល​បោះឆ្នោត

ភ្នំពេញ — ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ដើម្បី​លើក​ពី​កង្វល់​នានា​ទាក់ទង​នឹង​អំពើ​ហិង្សា​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​ឆ្នាំ​២០១៣​នេះ។​
មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​ដប់​បាន​លើក​ពី​កង្វល់​រួម​របស់​ពួក​គេ​ទាក់ទង​នឹង​បរិយាកាស​ហិង្សា​ក្នុង​ពេល​ដែល​គណ​បក្ស​នយោបាយ​នានា​កំពុង​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោតនិង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ ក្រោយ​ពី​មាន​សញ្ញា​នៃ​អំពើហិង្សា​មួយ​ចំនួន​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​សីវិល​បាន​កត់​សម្គាល់​។ ​នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ដែល​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ។​
លោក​ឈិត ​សំអាត​ ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​ក្រៅរដ្ឋា​ភិបាល​ ឬNGO Forum​ ​មាន​ប្រសាសន៍​ថា ​សង្គម​ស៊ីវិល​យល់​ថា​ ការ​បោះឆ្នោត​នឹង​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ ហេតុ​ដូច្នេះ​ហើយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ឃើញ​ការ​បោះ ឆ្នោត​មួយ​ប្រកប​ដោយ​បរិយាកាស​យុត្តិធម៌។​
លោក​និយាយថា៖​ «យើង​អត់​ចង់​ឃើញ​អំពើ​ហិង្សា ​ឬ​ការ​រំលោភ​សិទ្ធិ​ផ្សេង​ក្នុង​រយៈ​កាល​នៃ​ការ​ឃោសនា​បោះឆ្នោត​ ក៏ដូចជា​ការ​បោះឆ្នោត​ដែរ។​ សំខាន់​គឺ​យើង​ចង់​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​យុត្តិធម៌​និង​ត្រឹមត្រូវ»។​
កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​បង្រ្កាប​លើ​ស្ត្រី​អ្នក​តវ៉ា​នៃ​សហគមន៍​ក្រីក្រ​នៅ​បឹងកក់​ និង​បុរីកីឡា​ ហើយ​បណ្តាល​ឲ្យ​ស្ត្រី​ពីរ​នាក់​រង​របួស​ និង​ម្នាក់​ក្នុង​នោះ​រលូត​កូន​ដែល​មាន​ផ្ទៃពោះ​ពីរ​ខែ​កន្លះ។​
លោក​ឈិត ​សំអាត​បន្ថែម​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ធានា​ឲ្យ​មានបរិយាកាស​ល្អ​សម្រាប់​ដំណើរការ​បោះឆ្នោត​នេះ។​
លោក​ថ្លែងថា៖​«យើង​នឹង​អំពាវ​នាវ​ទៅ​ដល់​គណបក្ស​ទាំង​អស់​ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត ​ក៏ដូចជា​រដ្ឋា​ភិបាល​និង​ម្ចាស់​ជំនួយ​ទាំងអស់​ ឲ្យ​ជួយ​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​ការ​បោះឆ្នោត​នេះ​ប្រកប​ដោយ​សន្តិភាព​ កុំឲ្យ​មាន​ហិង្សា ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នេះ​ត្រឹមត្រូវ​និង​យុត្តិធម៌»។​
លោក​ឈាង​ រិទ្ធី ​សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​អំពី​កង្វល់​របស់​ខ្លួន​នេះ​ហើយ​គ្រោង​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី ​ដើម្បី​ស្វែ​ងរក​ការ​គាំទ្រ​ពី​ព្រះអង្គ​ក្នុងការ​អំពាវនាវ​ឲ្យ​មាន​បរិយាកាស​បោះឆ្នោត​មួយ​ដោយ​គ្មាន​អំពើ​ហិង្សា។​
នៅ​ក្នុង​ពេល​នេះ​ គណបក្ស​ចំនួន​ប្រាំបី​កំពុង​ធ្វើ​ការ​ឃោសនា​ដើម្បី​ប្រជែង​រក​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត។ ​អ្នក​បោះឆ្នោត​មាន​ចំនួន​សរុប​ជាង​៩,៦​លាន​នាក់។​
យោង​តាម​កញ្ញា ​គង់ ​រ៉ាវីន  ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា ​ខុមហ្វ្រែល ​បាន​ឲ្យ​ដឹង​ថា​ មាន​ភាព​មិន​ប្រក្រតី​ប្រមាណ​ជា​៥០ករណីបាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ឃោសនា​បោះឆ្នោត​ប្រាំ​មួយថ្ងៃ​មក​នេះ។ ​ប៉ុន្តែ​ខុមហ្វ្រែល​មិន​ទាន់​បាន​រក​ឃើញ​ករណី​ហិង្សា​គួរ​កត់​សម្គាល់នោះ​ទេ។​
ដោយឡែក​លោក​ទេព ​នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​ប្រសាសន៍​ថា​ ​មាន​ការ​មិន​គោរព​គ្នា​មួយ​ចំនួន​រវាង​គណបក្ស​ធំៗ​ក្នុង​ការ​ឃោសនា ​ប៉ុន្តែ​មាន​ករណី​ហិង្សា​តែ​មួយ​គត់​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំ​ ដែល​រំខាន​ដល់​ការ​ឃោសនា។ ​លោក​ទេព នីថា ​បញ្ជាក់​ថា​ ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ដោះស្រាយ៕
ប្រភពពី វីអូអេខ្មែរ

ការ​បង្ក្រាប​នៅ​តែ​មិន​បន្ធូរ​ដៃ​​​ទោះ​​​ជា​ការ​បោះឆ្នោត​ជិត​មក​ដល់​ក្តី

ភ្នំពេញៈ ការ​ប្រើ​កម្លាំង​ធ្វើ​ការ​បង្រ្កាប​ផ្ទួនៗ ទៅ​លើ​សកម្មជន​តវ៉ា​ដី​ធ្លី នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ ដែល​ហាក់​បី​ដូច​ជា​គ្មាន​ការ​បន្ធូរ​ដៃ ខណៈ​ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់ វា​ជា​សញ្ញា​ដែល​អ្នក​វិភាគ​ជឿ​ថា សំណុំ​រឿង​ជម្លោះ​ដីធ្លី នឹង​នៅ​តែ​បន្ត​ញាំ​ញី​ប្រទេស​កម្ពុជា​នៅ​ក្នុង​អាណត្តិ​ទី៥ ខាង​មុខ​ទៀត។
កាល​ពី​ម្សិលមិញ​សមាជិក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស មក​ពី​ប្រទេស​កាណាដា ប្រមាណ​ជិត ១០នាក់ បាន​ចូល​រួម​តវ៉ា​ជាមួយ​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ជាង ៥០ នាក់ បិទ​កំណាត់​ផ្លូវ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដោយ​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ របស់​ពួក​គេ និង​ដោះលែង​សកម្មជន​ដីធ្លី អ្នក​ស្រី​យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​។ ការ​ចូល​រួម​តវ៉ា​របស់​ក្រុម​សមាជិក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ​កាល​ពី​ម្សិលមិញ គឺ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សកម្មជន​ស្ត្រី នៃ​សហគមន៍​បឹងកក់​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រាជធានី វាយ​ឲ្យ​រលូត​កូន ក្នុង​ផ្ទៃ ២​ខែ​កន្លះ នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​កាល​ពី​ថ្ងៃ​ចន្ទ។
សកម្មជន​សិទ្ធិ​មនុស្ស​មក​ពី​កាណាដា កញ្ញា Mathim Veda ដែល​បាន​ចូល​រួម​ស្រែក​តវ៉ា នៅ​លើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស មុខ​សាលា​រាជធានី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖«មុន​ពេល​ខ្ញុំ​មក​កម្ពុជា ខ្ញុំ​បាន​ទស្សនា​វីដេអូ​ឃ្លីប តាម Facebook និង Youtube ឃើញ​ថា ស្ត្រី​និង​កុមារ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​វាយ​ដំ​យ៉ាង​ឃោរឃៅ ដោយ​សារ​តែ​ការ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដី​ធ្លី​។ អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ទាំង​នេះ ជា​ជាង​ការ​បង្ក្រាប​ដោយ​ហិង្សា»។
បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​អូស​បន្លាយ​ជាង ៦ ឆ្នាំ​មក​ហើយ​គិត​ចាប់​តាំង​ពី​អតីត​អភិបាល​រាជធានី កែប ជុតិមា បាន​ចុះ​កិច្ច​សន្យា​ជួល​តំបន់​នេះ​ឲ្យ​ទៅ​លោក​ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធិ​សភា គណបក្ស​ប្រជាជន ក្នុង​អំឡុង​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០០៧។
កញ្ញា ជីហុង មីន(Jihong Min) សមាជិក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ មក​ពី​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា​៖«យើង​មក​ទីនេះ គឺ​ដើម្បី​ជួយ​គាំទ្រ​ស្ត្រី​និង​កុមារ ក្នុង​សហគមន៍​បឹងកក់ ក្នុង​ការ​ទាមទារ​យុត្តិធម៌ និង​សេរីភាព សម្រាប់​ស្ត្រី​ម្នាក់​ឈ្មោះ យ៉ោម បុប្ផា​»។
កញ្ញា​ជីហុង បន្ត​ថា៖«​យើង​ជឿ​ថា អ្នក​ស្រី​យ៉ោម បុប្ផា ពិត​ជា​រង​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់។ អាជ្ញាធរ​គួរ​តែ​ដោះលែង​គាត់​ដើម្បី​ឲ្យ​គាត់​បាន​ជួប​ជុំ​ប្ដី និង​កូន​តូច​របស់​គាត់»។
វត្តមាន​របស់​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស មក​ពី​ក្រៅ​ប្រទេស​ទាំង​នេះ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​ក្រុម​មន្ត្រី​អាជ្ញាធរ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​អុជអាល​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ថ្លែង​ថា ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ គឺ​មាន​ការ​ជំរុញ​ពីក្រោយ​ដោយ​ជន​បរទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្ដាប់​តូច​។
លោក​ថ្លែង​ថា​៖​«វត្តមាន​របស់​ពួក​គេ បង្ហាញ​ថា ពួក​គេ​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​អុជ​អាល​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​។ ទោះ​យ៉ាង​ណា វត្តមាន​របស់​ពួក​គេ មិន​អាច​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ នីតិវិធី ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ដែរ»។
បន្ទាប់​ពី​ឈរ​តវ៉ា​នៅ​លើ​ទ្រូង ផ្លូវ ជាង​ពីរ​ម៉ោង ដោយ​គ្មាន​ការ​ឆ្លើយ​តប ពី​មន្ត្រី​សាលា​រាជធានី ក្រុម​អ្នក​តវ៉ា បាន​បង្វែរ​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។ ប៉ុន្តែ​ការ​ព្យាយាម​របស់​ពួក​គាត់ មិន​បាន​សម្រេច​ទេ ដោយ​ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ដាក់​របាំង​បិទ​ផ្លូវ និង​មាន​ការ​ជួយ​ឈរ​ពាំង​ផ្លូវ​ពី​ក្រុម​សកម្មជន​គណបក្ស​ប្រជាជន ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
សកម្មជន​ដី​ធ្លី ម្នាក់ អ្នក​ស្រី​គង់ ចាន់ថា បាន​ស្នើ​សុំ​ឲ្យ​ក្រុម​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន និង​អាជ្ញាធរ បើក​ផ្លូវ​ឲ្យ​ពួក​គាត់ ដោយ​ថ្លែង​ថា បញ្ហា​ប្រឈម​របស់​ពួក​គាត់ ក្នុង​តំបន់​បឹងកក់ កើត​ឡើង​ដោយ​សារ​ការ​អភិវឌ្ឍ​គ្មាន​តម្លាភាព ទើប​ពួក​គាត់​មក​រក​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ជួយ។ អ្នក​ស្រី​បន្ត​ថា​៖ «អាជ្ញាធរ​រាជធានី​ពន្យារ​ការ​ដោះស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត ហាក់​ដូច​មិន​ខ្វល់​ពី​ក្ដី​ទុក្ខវេទនា​របស់​យើង​ខ្ញុំ​ជា​ពលរដ្ឋ​ក្រីក្រ​ទេ»។
នៅ​ពេល​នោះ ក្រុម​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន គិត​តែ​ពី​នាំ​គ្នា​ស្រែក​តាម​មីក្រូ​ថា​៖«បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន លេខ​រៀង​ទី៤»។ «គណបក្ស​ប្រជាជន​ហ៊ាន​ធ្វើ​ហ៊ាន​ទទួល​ខុស​ត្រូវ គណបក្ស​ប្រជាជន​ធានា​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​និង​កុមារ»។ ខណៈ​នោះ​ក្រុម​អ្នក​តវ៉ា បាន​លើក​ផ្ទាំង​បដា​រូបភាព នៃ​ការ​ប្រើ​ហិង្សា​មក​លើ​ក្រុម​អ្នក​តវ៉ា​ជា​ស្រ្តី​និង​កុមារ​បង្ហាញ​ពួក​សកម្មជន​ទាំង​នោះ​ហើយ​ស្រែក​ថា​៖«ប៉ុន្តែ​លោក​កែប ជុតិមា មិន​ដែល​ទទួល​ខុស​ត្រូវ​នោះ​ទេ»។
ភ្លាមៗ​នោះ តំណាង​ក្រុម​អ្នក​តវ៉ា​បាន​អំពាវនាវ​កុំ​ឲ្យ​ក្រុម​អ្នក​តវ៉ា ប៉ះពារ​ពាក្យ​សម្តី​ជាមួយ​ក្រុម​សកម្មជន​គណបក្ស។ ក្រុម​អ្នក​តវ៉ា បាន​ខំ​ប្រឹង​ប្រែង​រុញ​ច្រាន​ជាមួយ​ក្រុម​សមត្ថកិច្ច ដើម្បី​រុល​ចូល​ទៅ​មុខ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​ដោយ​សារ​កម្លាំង​សមត្ថកិច្ច​មាន​ចំនួន​ច្រើន​ជាង​ពួក​គេ​លើស​លប់។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​បាន​ថ្លែង​ថា ជម្លោះ​ដី​ធ្លី ដែល​កើត​ឡើង​ដោយ​សារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ច្បាម​យក​ដី​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ ដែល​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា ហើយ​មាន​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់ បើ​ទោះ​បី​ជា​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​ក្តី វា​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើត​មាន​វិបត្តិ​ដី​ធ្លី នៅ​តែ​បន្ត​អូស​បន្លាយ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​។
លោក​បាន​បញ្ជាក់​ថា​៖«បញ្ហា​ដី​ធ្លី​នៅ​តែ​បន្ត​កើត​មាន​ដែល​មិន​អាច​ដោះស្រាយ​បាន ប្រសិន​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​។ ទោះ​ជា​បែប​ណា​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​ជា​គណបក្ស​ដទៃ​ទៀត​ដែរ នឹង​មិន​អាច​ដោះស្រាយ​ឲ្យ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ខ្លី​បាន​ទេ​គឺ​ទាមទារ​ពេល​វេលា​យូរ​អង្វែង តិច​បំផុត​ក៏​៥ ឆ្នាំ​ដែរ​ទើប​អាច​ដោះ​បាន»៕
ប្រភពពី៖ cambodiapage.info

គ.ជ.ប៖ បក្សនយោបាយ​មិនគួរ​យក​អនីតិជនមក​ឃោសនា​នោះទេ


សម្រាប់​ការបោះឆ្នោត​នា​អាណត្តិមុនៗកន្លង​ទៅនោះ ការចេញ​ធ្វើ​យុទ្ធនា​ការឃោសនា​របស់​គណបក្សនយោបាយ​មួយចំនួន​ត្រូវបាន​គេ​មើលឃើញថា មានការ​ចូលរួម​ពី​សំណាក់​ក្រុម​អនីតិជន ឬ​ជន​ស្ថិតក្រោម​អាយុ១៨ឆ្នាំ ដែល​ភាគច្រើន​ជាក្មេងៗតែម្ដង។ ជាការ​កត់​សំគាល់ការ​បោះឆ្នោត​អាណត្តិ​ទី៥នេះ អនីតិជន​នៅតែមាន​វត្តមាន​ចូលរួម​ធ្វើ​យុទ្ធនា​ការឃោសនា​ជាមួយ​បក្សនយោបាយ​ទៀត ។
តើ​ការដែល​គណបក្សនយោបាយ​សម្រេចចិត្ត​ឲ្យ​ក្រុម​អនីតិជន ឬក្មេងៗមិនទាន់​គ្រប់​អាយុ១៨ឆ្នាំ​នោះ​ចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​ពួកគេ អាច​បង្ករ​ឲ្យ​មាន​ផលវិបាក​អ្វីខ្លះ​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប?

ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​បាន​រៀបចំឡើង​ដោយ គ.ជ.ប នៅ​ទីស្នាក់ការ​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី៤ ខែកក្កដា​នេះ  លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា កាល​បោះឆ្នោត​កន្លងទៅ រាប់​តាំ​ពី​ឆ្នាំ២០០៨នា​អាណត្តិ​ទី៤នោះមក គ.ជ.ប ក៏បាន​សង្កេតឃើញ​ដែរ​ថា មាន​គណបក្សនយោបាយ​មួយចំនួន​បានអនុញ្ញាត​ឲ្យ​អនីតិជន ដែលជាក្មេងតូចៗអាយុ​ក្រោម១៨ឆ្នាំ​ចេញ​ធ្វើ​សកម្មភាព​ក្នុង​យុទ្ធនា​ការឃោសនា​នោះដែរ ហើយ​ថា សកម្មភាព​បែបនេះ​មិនមែនជា​ការល្អប្រសើរ​នោះទេ​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​របស់ គ.ជ.ប។
បើតាម​លោក​អគ្គលេខាធិការ គ.ជ.ប សកម្មភាព​ខាងលើនេះ វា​ជាការ​រួមចំណែក​ផ្ដល់នូវ​ផលវិបាក​មួយ​ដែលជា​បញ្ហា​រំខាន​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​របស់ គ.ជ.ប ព្រោះក្មេងៗពួ​គេ​មិនសូវ​ជា​ដឹង​ខុសត្រូវ​អ្វី​ច្រើន​ដូច​មនុស្ស​ចាស់​នោះទេ ដូច្នេះ​ការលំបាក​នោះ​នឹង​អាច​កើតមានឡើង​គ្រប់ពេល​នៅពេលដែល​ពួកគេ​ធ្វើ​សកម្មភាព​មិនល្អ​ផ្សេង​ក្នុងការ​ឃោសនា​នោះ ដែល​អាច​បង្ករ​ឲ្យ​ទៅជា​ភាព​គ្មាន​សណ្ដាប់ធ្នាប់ ភាព​ងាយ​គ្រោះថ្នាក់​តាមរយៈ​ហា​នី​ភ័យ​ផ្សេង​នៅពេល​ឃោសនា​ដូចជា​ពេល​ជិះ​មូ​តូ ជិះឡាន ជាដើម ដូច្នេះ​វា​នឹង​ប្រែក្លាយ​ការធ្វើ​ឃោសនា​នេះ​បង្ក​នូវ​ភាពអសន្តិសុខ​បាន និង​មហន្តរាយ។
ដើម្បី​បញ្ជៀ​ស​នូវ​បញ្ហា​ខាងលើនេះ លោក ទេព នីថា ក្នុងនាម​ស្ថាប័ន គ.ជ.ប បានចេញ​មុខ​អំពាវនាវ​ដល​គ្រប់​បណ្ដា​គណបក្សនយោបាយ​ទាំងអស់​គួរតែ​យកចិត្តទុកដាក់​ក្នុង​បញ្ហា​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​ប្រាំ​នេះ ប្រព្រឹត្តទៅ​មាន​ភាពល្អប្រសើ អាច​ទទួលយកបាន​ទាំង​គណបក្សនយោបាយ និង គ.ជ.ប ៕
ប្រភពពី ថ្មីៗ